(ប្រភព មន្តអាគមខ្មែរ)
ថ្ងៃនេះ តាប្រាប់ចៅៗ អំពីតម្រាកាត់សក់របស់ខ្មែរយើង។ ចៅៗពិតជាចង់ដឹង ថាតើ កាត់សក់
នៅថ្ងៃណា ទើបអាចជួយលើកជោគជតារាសីឲ្យត្រដែតឡើង? ដូនតាយើង មានជំនឿទៅលើ
ការកាត់សក់យ៉ាងខ្លាំង។ មេទ័ពខ្មែរសម័យបុរាណ មុននឹងចេញច្បាំង គឺតែងតែកាត់សក់
ថ្វាយគ្រូ ឬម្ចាស់ទឹកម្ចាស់ដី ដើម្បីលើកជោគជតារាសី ឲ្យមានជ័យជំនះលើពពួកសត្រូវ។ បុព្វបុរសខ្មែរ មានជំនឿថា ដួងកែវជោគជតារាសីរបស់មនុស្សម្នាក់ៗគឺស្ថិតនៅលើក្បាល។ ហេតុនេះហើយ បានជាជនជាតិខ្មែរ មានត្រណមមិនឲ្យលេងវាយក្បាល ឬប៉ះពាល់ក្បាល
ផ្តេសផ្តាសឡើយ។ តម្រាកាត់សក់ពីបុរាណ មានដូចតទៅ៖
១-ការកាត់សក់ចំថ្ងៃអាទិត្យនឹងមានអាយុយឺនយូរ សុខភាពរឹងប៉ឹងមាំមួន ប្រាសចាកពីរោគាព្យាធិ។
២-ការកាត់សក់ចំថ្ងៃច័ន្ទ នឹងមានតែលាភសំណាង។
៣-ការកាត់សក់ចំថ្ងៃអង្គារ នឹងមានតេជះ ឫទ្ធិអំណាច មានគេខ្លបខ្លាច.
៤-ការកាត់សក់ចំថ្ងៃពុធ ត្រូវបានហាមប្រាមជាដាច់ខាត។ តម្រាបានសរសេរថាថ្ងៃពុធជាថ្ងៃ ដុះលូតលាស់ ជាថ្ងៃល្អក្នុងការចាប់ផ្តើមធ្វើការដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ឬអាចចាប់
ផ្តើមដំណើរការមុខរបររកទទួលទាន ជួញដូរ។ ប្រសិនបើកាត់សក់ចំថ្ងៃពុធស្មើនឹងការកាត់ ផ្តាច់នូវការលូតលាស់ ហើយបើរាសីកំពុងតែឡើង វានឹងធ្វើឲ្យជោគជតាស្រុតចុះ អាប់យស ធ្លាក់រាសី... បើលាភសំណាងផ្សេងៗប្រុងនឹងហូរចូល វានឹងរលាយបង់បាត់ ហើយជំនួសមក
វិញ ដោយសេចក្តីទុក្ខមកដាក់ខ្លួន។
៥-ការកាត់សក់ចំថ្ងៃព្រហស្បតិ៍ នឹងមានទេវតា ព្រមទាំងវត្ថុស័ក្ដិសិទ្ធ តាមជួយថែរក្សា។
៦-ការកាត់សក់ចំថ្ងៃសុក្រ នឹងមានមន្តស្នេហ៍ ដែលជាទីស្រលាញ់នៃមនុស្ស និងទេវតា ផងទាំងពួង។
៧-ការកាត់សក់ចំថ្ងៃសៅរ៍ គឺល្អប្រពៃបំផុត។ បើគិតអ្វីៗ ឬធ្វើកិច្ចការងារអ្វីៗ នឹងបានសម្រេចតាមបំណងប្រាថ្នា មានសិរីមង្គល មានលាភសំណាងហូរចូល៕
No comments:
Post a Comment